(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ទិវាវប្បធម៌ជាតិ គឺជាឱកាសដ៏មានតម្លៃយ៉ាងខ្លាំងក្នុងការរំលឹក និងបំផុសនូវមនសិការស្នេហាជាតិ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅ ជាពិសេសការចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីដ៏អច្ឆរិយៈ ដែលបានបន្សល់ទុកពីបុព្វបុរសមកដល់សម័យបច្ចុប្បន្ន។ ទន្ទឹមនេះវប្បធម៌ជាតិគឺជាដួងព្រលឹងរបស់ជាតិ ដែលបង្ហាញពីអត្តសញ្ញាណ និងភាពខុសគ្នាពីជាតិសាសន៍ដទៃ ដែលមរតកវប្បធម៌ទាំងនេះ ក៏ជាមូលដ្ឋានមួយផ្នែកសម្រាប់ការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា តាមរយៈការអភិរក្ស និងផ្សព្វផ្សាយអំពីវប្បធម៌ជាតិរបស់យើង យើងអាចទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទិវាវប្បធម៌ជាតិ ក៏ជាថ្ងៃដ៏មានន័យជ្រាលជ្រៅសម្រាប់រំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញា និងស្មារតី ដើម្បីបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។
ក្នុងបរិបទសម័យសកលភាវូបនីយកម្ម ទិវាវប្បធម៌ជាតិ កាន់តែមានសារៈសំខាន់ក្នុងការបំផុសឱ្យយុវជនមានការយល់ដឹង និងមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន ហើយជាការបណ្តុះឱ្យពួកគេមិនភ្លេចឫសគល់វប្បធម៌ របស់ខ្លួន ទោះបីជាពួកគេកំពុងរស់នៅក្នុងបរិបទដែលពោរពេញដោយឥទ្ធិពលវប្បធម៌របស់បរទេសក៏ដោយ។
ឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា ការយល់ដឹងនេះនឹងជួយឱ្យយុវជនអាចជ្រើសរើសយកអ្វីដែលល្អ សមស្រប ដោយរួបរួមគ្នាបង្កើនស្មារតីស្នេហាជាតិ ការពារ និងអភិរក្សកេរដំណែលដូនតា ក្នុងការថែរក្សា «ដួងព្រលឹងជាតិនេះ» ឱ្យបានរឹងមាំ រស់រវើក និងរីកចម្រើនសម្រាប់ជំនាន់ក្រោយតទៅទៀត ព្រោះកេរដំណែលទាំងនេះ គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យ មានតម្លៃដោយបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីសិក្សា គោរព និងបន្តការអភិរក្សឱ្យបានយូរអង្វែង៕








