អភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ​ មណ្ឌលប្រឡខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ​)៖​ នាព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៦​ ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ អញ្ជើញ​កាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ​ មណ្ឌលប្រឡខេត្តបន្ទាយមានជ័យ នៅពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតនៅភូមិចក់​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការនិមន្តអញ្ជើញចូលរួម​ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ ខេត្តបន្ទាយមានជ័យ (គណៈមហានិកាយ) ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ (គណៈធម្មយុត្តិកនិកាយ) ព្រះមេគណខេត្តសៀមរាប បាត់ដំបង​ និងព្រះមុនីសីលវន្ត មុំ ឫទ្ធី ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា ព្រមទាំង​មានកាចូលរួមថ្នាក់ដឹកនាំក្រុង​ អាជ្ញាធរមូលដ្ឋាន​ សមណសិស្ស បេក្ខជន​ ប្រារព្ធ​ធ្វើឡើង​នាព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៦

លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្ត​ បានបញ្ជាក់​ឱ្យ​ដឹង​ថា​ ការរៀបចំការប្រឡងថ្ងៃនេះ មានបេក្ខសមណសិស្សសរុបចំនួន ១៦៥ អង្គ/នាក់ ក្នុងនោះ បេក្ខសមណសិស្ស ដែលនិមន្តមកពីពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប ចំនួន ៤១ អង្គ/នាក់ និងពុទ្ធិកវិទ្យាល័យអ៊ុង ធួង ខេត្តបាត់ដំបង ចំនួន ៩៣ អង្គ/នាក់ ពុទ្ធិកវិទ្យាល័យសម្តេចជា ស៊ីម ខេត្តបន្ទាយមានជ័យ ចំនួន ៣១ អង្គ/នាក់ ដែលបែងជាបន្ទប់ ស្មើ៧បន្ទប់។

នាឱកាសឯកឧត្តម អ៊ុំ​ រាត្រី​ បានថ្លែងថា ការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា ដែលជាមូលដ្ឋានសំខាន់ ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌ ដើម្បីបន្តថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។​

ឯកឧត្តមបញ្ជាក់​ថា​ ពុទ្ធិកសិក្សា គឺជាវិស័យមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានសមណៈឱ្យមាន សមត្ថភាពទាំងផ្នែកធម៌ និងវិទ្យាសាស្ត្រ។ ការសិក្សានៅពុទ្ធិកវិទ្យាល័យ មិនត្រឹមតែផ្តល់ចំណេះដឹង ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយអភិវឌ្ឍសីលធម៌ វិន័យ និងការរស់នៅប្រកបដោយគុណធម៌ ដែលជាគន្លងដ៏សំខាន់ក្នុងការបម្រើសង្គម ជាតិ និងសាសនា។

ឯកឧត្តមអភិបាល​ខេត្ត​ បានជូនពរសមណសិស្ស-បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រឡង ដោយស្មោះត្រង់ គោរពបទបញ្ជា និងវិន័យនៃការប្រឡង ប្រើប្រាស់ចំណេះដឹង និងសមត្ថភាពឱ្យបានពេញលេញ ដើម្បីទទួលបានលទ្ធផលល្អ និងអាចបន្តការសិក្សានៅពុទ្ធិកវិទ្យាល័យទាំងបីខេត្ត ដោយក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕