ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥


(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០.៦លានដុល្លារអាមេរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី ក្រុងស្វាយរៀងថ្មីនេះ មានសមត្ថភាពផលិតទឹកស្អាត៦,៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន៧,៣៧៨ គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះចំនួន៣៧៥គ្រួសារផងដែរ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតិឲ្យរដ្ឋាករទឹកស្វាយរៀង មានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥ នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨%។ រោងចក្រនេះបានចំណាយពេល២៣ខែទើបសាងសង់រួចរាល់ជាស្ថាពរ ពោលចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមនឹងការសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។

ក្រោមទុនវិនិយោគសរុប៦០លានដុល្លារអាមេរិក គម្រោងនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ១៣,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន២៨,៦៦០គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។

ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តគាំទ្ររបស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងការពង្រីកបទពិសោធន៍ជោគជ័យ នៃការអភិវឌ្ឍវិស័យទឹកស្អាត ក្នុងរាជធានីភ្នំពេញ។ លោកបានលើកឡើងថា រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រីក «ភ្នំពេញអច្ឆរិយៈ» ទៅកាន់តំបន់ផ្សេងទៀត។ ការសាងសង់រួចរាល់នូវ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្វាយរៀង ជាមួយនឹងការធ្វើប្រតិបត្តិការដោយរដ្ឋាករទឹកស្វាយរៀង តំណាងឲ្យវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវការពង្រីកគំរូជោគជ័យរបស់រាជធានីភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាស អាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្ត។

ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ៣០៩លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងទ្វេដងពី៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ជាង១,៥៧ លានគ្រួសារក្នុងឆ្នាំ២០២៥។

គម្រោងដែលប្រើថវិកាជាតិនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការបន្តវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុងនិងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន៕