អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសច្រានចោលការស្នើលុប MOU ព្រំដែនឆ្នាំ២០០០ របស់ថៃ


(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសបដិសេធចំពោះការលើកឡើងរបស់ គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលស្នើឱ្យលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា-ថៃ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចាត់ទុកការស្នើលុប MOU ឆ្នាំ២០០០ នេះ ថាធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។

MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដែលផ្តល់នូវយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការ JBC ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការស្រាយបំភ្លឺនិងបញ្ជាក់ជូនសាធារណជនជាតិ-អន្ដរជាតិឱ្យបានជ្រាបពីការពិតដូចខាងក្រោម៖

MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។

តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នអនុសញ្ញាទីក្រុងវ្យែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។

MOU ឆ្នាំ២០០០ បានផ្ដល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។

ជាក់ស្តែងនាពេលកន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជា ការស្វែងរុករកទីតាំង ពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង៧៤, ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា, ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន, ការកសាងបណ្តាញបង្គោលប្រឹថពី វិភាគរួមកម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើម។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនថា ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយ ដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារ វាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាព យូរអង្វែងតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។

ជារួម ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិង គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការ ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែល មានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។

សេចក្តីដូចបានស្រាយបំភ្លឺនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕