សម្ដេចបវរធិបតី៖ ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន


(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថាពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន។

ការថ្លែងរបស់សម្ដេចបែបនេះ បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ចំពោះមុខអង្គពិធី សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅខេត្តស្វាយរៀងឃើញមានដីទំនេរនៅសល់ច្រើន ហើយសក្ដានុពលខេត្តនេះ ក្រៅពីវិស័យកសិកម្ម ក៏នៅមានសក្ដានុពលឧស្សាហកម្ម ដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតនៅពេលខាងមុខ។

សម្ដេច បានថ្លែងថា «ខ្ញុំមានសុទិដ្ឋិនិយមថា រោងចក្រផលិតកម្ម មិនត្រឹមតែមាននៅខាងក្រុងបាវិតនោះទេ តែនឹងអាចរីកបន្ថែម ហើយខ្ញុំសង្ឃឹមថានឹងឃើញក្នុង ២០ឆ្នាំទៀត ខេត្តស្វាយរៀងអាចក្លាយជាបណ្ដុះនៃឧស្សាហកម្មដ៏ធំមួយ នៅក្នុងប្រទេសរបស់យើង»។

គួរជម្រាបផងដែរថា ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន, និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស។ ទោះបីការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ ប្រជាពលរដ្ឋ ធុរជន និងវិនិយោគិន។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី មើលឃើញពីភាពរីកចម្រើននៅថ្ងៃខាងមុខសម្រាប់ខេត្តស្វាយរៀង លើវិស័យឧស្សាហកម្ម ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ខេត្តព្រៃវែងបានផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះថា៖ «ពីមុនគេថា ខេត្តស្វាយរៀង និងខេត្តព្រៃវែង ពិបាករកការវិនិយោគ ដីមិនសូវល្អ ដាំមិនសូវបានដូចបាត់ដំបងទេ ទិន្នផលស្រូវអីក៏មិនសូវបាន តែឥឡូវមិនបាច់ដាំស្រូវទេ ដាំរោងចក្រ ដាំសហគ្រាស ដាំកន្លែងផលិត។ ឥឡូវសូម្បីតែសំបកកង់ផលិតនៅស្វាយរៀងហ្នឹង នាំចេញទៅក្រៅរាប់លាន ហើយថ្ងៃមុនខ្ញុំទៅមើលនៅបាវិត មានរោងចក្រមួយគាត់ផលិតកៅអីប្រណិតរបស់អ៊ីតាលី ហើយយើងទៅទិញរបស់អ៊ីតាលីថ្លៃណាស់ មិនដឹងថារបស់អ៊ីតាលីចេញពីកម្ពុជា ចឹងបានន័យថាទឹកដៃរបស់យើងៗរុញ ចឹងថ្ងៃក្រោយសក្ដានុពលល្អ»។

យ៉ាងណាមិញ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាខេត្តស្វាយរៀងមានសក្ដានុពលច្រើនក៏ដោយ ក៏ប៉ុន្តែការរៀបចំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ សន្ដិសុខ បរិស្ថានអំណោយផល ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជារឿងចាំបាច់ដែលត្រូវអនុវត្តបន្តទៅមុខ ដើម្បីភាពរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕