គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា»របស់ជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីគាំទ្រការសិក្សាដល់សិស្ស។
គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា» ដែលទទួលបានមូលនិធិគាំទ្រពី រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ដើម្បីគាំទ្រការសិក្សាដល់សិស្សបឋមសិក្សាជាង ២ ៤០០នាក់ នៅក្នុងសាលាបឋមសិក្សាចំនួនប្រាំមួយ ក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមីនសឆ្នាំ២០២៦ថា គម្រោងនេះ អនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅជប៉ុនក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានទឹកប្រាក់ប្រមាណ ៤៩ មុឺនដុល្លារអាមេរិក។
គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែក លើការវាយតម្លៃការសិក្សា ការគាំទ្រដល់ការកែលម្អបរិយាកាសសិក្សា តាមរយៈ ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ ការផ្តល់ឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថល ។
តាមរយៈគម្រោងនេះ អង្គការ World Vision យើងមានគោលបំណងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារគ្រប់រូបក្នុងការរៀនសូត្រ រីកចម្រើន និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់ពួកគេ ៕






