(កែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញទិសដៅសម្រាប់ផ្សារភ្ជាប់វិស័យសុខាភិបាល ទៅនឹងវិស័យទេសចរណ៍ជូនមន្ត្រីសុខាភិបាលគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសេវាសង្គ្រោះបន្ទាន់ នៅតំបន់ទេសចរណ៍ ពិនិត្យអនាម័យ និងសុវត្ថិភាពអាហារ និងទេសចរណ៍សុខភាពទៅតាមផែនការ ក្នុងនោះក៏ត្រូវផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ អោយបានយល់ដឹងកាន់តែច្បាស់ អំពីជំងឺមិនឆ្លង នឹងការបរិភោគ អំបិលតិច ខ្លាញ់តិច ស្ករតិច ដើម្បីរាងកាយមានសុខភាពល្អ។
ការដាក់ចេញទិសដៅដូច្នេះ ខណៈឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមជាអធិបតីភាព ក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ ដែលធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ បានបន្តថា ការងារសុខាភិបាល គឺទាមទារឲ្យមន្ត្រីមានការស្រលាញ់ មានឆន្ទៈ មានស្មារតី មនុស្សធម៌ ដើម្បីចូលរួមអោយមានប្រសិទ្ធភាពខ្ពស់ លើវិស័យសុខាភិបាលមួយនេះ។ បច្ចុប្បន្នសេវាសុខាភិបាល កំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់នូវជំងឺរាតត្បាតថ្មីៗ និងជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតពីភាពនឿយហត់ឡើយ។
សម្រាប់សន្តិសុខសុខភាពនៅខេត្តកែប ដែលជាខេត្តប៉ូលទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបំពេញការងារ ដោយផ្អែកលើ ការតាមដាន និងការឆ្លើយតបបន្ទាន់ ការអប់រំ ការផ្លាស់ប្តូរឥរិយាបទ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ។ ការងារទាំងនេះហើយ ដែលជាខែលការពារខេត្តកែប ពីការវាយលុកនៃភ្នាក់ងារចម្លងមេរោគនានាពីខាងក្រៅ។
លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានអោយដឹងថា ក្នុងឆ្នាំ២០២៥ មន្ទីរសុខាភិបាល សម្រេចលទ្ធផលបាន ក្នុងនោះ ការពិគ្រោះជំងឺករណីសរុបបានចំនួន ៤៤,៤៩៤ករណី, អ្នកជំងឺសម្រាកព្យាបាលចំនួន ៤,៤១៦ករណី, អត្រាប្រើប្រាស់គ្រែសរុប ៩៣% អត្រាមរណភាពនៃអ្នកជំងឺសម្រាកពេទ្យចំនួន ៧ករណី ស្មើ ០,១៦%៕


























