ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង


នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងលោក ខៃ សុដា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត ជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការប្រកាសចូលកាន់មុខតំណែងនាពេលនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារាជរដ្ឋាភិបាល ចំពោះមន្ត្រីរាជការដែលមានគុណវុឌ្ឍិ មានសមត្ថភាព ស្នាដៃ ឆន្ទៈ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការតែងតាំង ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចគឺជារឿងធម្មតានៅក្នុងដំណើរការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក្នុងគោលបំណងដើម្បីធានាឱ្យកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលទើបទទួលបានការតែងតាំងថ្មី សូមបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សានូវសុចរិតភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាមន្ទីរ-អង្គភាពជំនាញខេត្ដ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ជាតិនិងអន្ដរជាតិ ដោយតម្ដល់នូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សូមបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៦០ អនក្រ.តត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនលោក ខៃ សុដា អត្តលេខ ១៦៩០៥០០២៧៤ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលបានផ្ទេរភារកិច្ចថ្មី៕