នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសំណង់វិស្វកម្មទំនើបនេះ ដែលមានសមត្ថភាពស្តុកទឹកបានរាប់លានម៉ែត្រគូប ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបម្រើផលប្រយោជន៍ពហុវិស័យជូនប្រជាពលរដ្ឋក្នុងតំបន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និយាមប្រតិបត្តិ និងផ្ដោតជាចម្បងលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ព្រមទាំងជំរុញឱ្យក្រុមការងារបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាគុណភាពសំណង់ឱ្យបានរឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់៕


