ប្រមុខការទូតកម្ពុជា ដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកដោយសារយោធាថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្ទះនៅតំបន់ថ្មដា ក្រោយបទឈប់បាញ់


ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់យោធាថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់។

សកម្មភាពរបស់ភាគីថៃ ដោយរាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ បច្ចុប្បន្ននេះ មានចំនួន៧៦គ្រួសារ ផ្ទះសម្បែងរបស់ពួកត្រូវបានយោធាថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកទាំងស្រុង៕