ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្ស
ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨៩ ដែលរៀបចំឡើងដោយគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ។ ពិធីបិទវគ្គអប់រំនយោបាយនេះក៏មានវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាន បណ្តាស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ ។
មានប្រសាសន៍នាឱកាសនេះ សម្តេចភក្តី សាយ ឈុំ បានសម្តែងនូវក្តីសោមនស្ស រីករាយក្រៃលែង ដោយមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៩ បន្ទាប់ពីវគ្គសិក្សាបានដំណើរការអស់រយៈពេល៦ថ្ងៃ ប្រកបដោយជោគជ័យនៅក្នុងវិមាន ៧ មករា នេះ ដែលតំណាងឲ្យភាពរឹងមាំគង់វង្ស យូរអង្វែងរបស់គណបក្សយើង ក្នុងបរិយាកាសសាមគ្គីភាពដ៏កក់ក្តៅ។ សម្តេចបាននាំមកនូវការសួរសុខទុក្ខ និងស័ព្ទសាធុការពរពីសំណាក់សម្ដេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនដល់អង្គពីធីទាំងមូល ប្រកប ដោយ មនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។
បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស អំពីដំណើរការនៃវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ សម្តេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាដែលបានដំណើរការទៅដោយរលូនតាំងពីដើមរហូតដល់ចប់ និងបានអបអរសាទរចំពោះលទ្ធផលសិក្សាដ៏ល្អរបស់សិក្ខាកាម និងសូមអរគុណចំពោះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីនេះឡើង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្ស។
សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ចំណេះដឹងដែលក្មួយៗទាំងអស់ទទួលបានពីវគ្គអប់រំនយោបាយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យមើលឃើញនូវរាល់ការងារដែលយើងបានអនុវត្តកកន្លងមក តើមានចំណុចណាជាចំណុចល្អ ចំណុចខ្លាំងដែលយើងគប្បីបន្តពង្រឹង ពង្រីកឲ្យកាន់តែល្អ កាន់តែខ្លាំងជាងនេះទៅទៀត ហើយមានចំណុចណាមិនល្អ ជាចំណុចខ្សោយ ដែលយើងត្រូវតែកែតម្រូវ ឬក៏តស៊ូកម្ចាត់ចោលឲ្យបាន។ សម្តេចបានបន្តថា ចំណេះដឹងនេះក៏ជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។
ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ពីកត្តាសំខាន់ៗដែលនាំឲ្យវគ្គសិក្សាទទួលលទ្ធផលដ៏ល្អនាពេលនេះ រួមមាន ៖
១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត
២.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយពិសេសលើការរៀបចំ និងបង្កលក្ខណៈឲ្យមន្រ្តីរបស់ខ្លួនបានមកចូលរៀននៅក្នុងបណ្តាវគ្គ ទាំងក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ស្របតាមការកំណត់របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល
៣.ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់វគ្គសិក្សា
៤.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ,ការគោរពវិន័យរបស់វគ្គ, ការរឹតចំណងមិត្តភាពរវាងគ្នា និងគ្នា ក្នុងស្មារតីនៃគ្រួសារបក្ស និងការខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស ជាមួយនោះ សិក្ខាកាមយើងក៏បានកសាងមិត្តភក្តិថ្មីៗច្រើនទៀតនៅក្នុងវគ្គសិក្សានេះ
៥.ការខិតខំរបស់គណៈឃោសនាអប់រំ ដែលបានរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នផ្សេងៗទៀតជុំវិញគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន
៦.ដោយបរិយាកាសសង្គម បានបង្កលក្ខណៈឲ្យសិក្ខាកាមយើង បានមករៀនដោយស្ងប់ចិត្តពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។ សម្តេចបញ្ជាក់បន្ថែមថា កត្តាទាំងនេះ ក៏ជាមេរៀនពិសោធន៍ដែលយើងត្រូវក្តាប់ឲ្យជាប់ ដើម្បីធានាដល់លទ្ធផលនៃការបើកវគ្គអប់រំនយោបាយបន្តទៀត។


