ដំណើរបេសកកម្ម គោលដៅទី៨​ ​ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងវេទិកា​ «ពិភាក្សាជាមួយយុវជនខេត្តបន្ទាយមានជ័យ


ក្រុងសេរីសោភ័ណ៖ នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តបន្ទាយមានជ័យ » ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ំ រាត្រី ប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានយុវជនគណបក្សខេត្តបន្ទាយមានជ័យ, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក. , ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែក​ នៃខេត្តបន្ទាយមានជ័យ សរុបអ្នកចូលរួមចំនួន ៤៩៥ រូប។

 

វេទិកានេះ មានគោលបំណងក្តាប់បាននូវសតិអារម្មណ៍របស់យុវជន ដែលមានទុក្ខកង្វល់, ក្តីចម្ងល់ និងសំណូមពរនានា តាមរយៈការបញ្ចេញមតិយោបល់ សំណួរ ឬសំណូមពរ ជាពិសេសការបន្តកសាងនូវជំនឿទុកចិត្តចំពោះការខិតខំដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ។

 

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តបន្ទាយមានជ័យ សម្រេចបាន ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ំ រាត្រី ប្រធានគណៈកម្មាធិកាគណបក្សខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក​ សមាជិកា និងយុវជននៅទូទាំងខេត្តបន្ទាយមានជ័យ។

 

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានជម្រាបពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពការឈ្លានពានរបស់ទាហានថៃ និងយន្តការនានា ក្នុងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី​ តាមរយៈយន្តការទូត​ យន្តការច្បាប់ និងយន្តការសារព័ត៌មានផ្សព្វផ្សាយពីការពិតដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតប្រធាន ក៏បានលើកទឹកចិត្តដល់យុវជនក្នុងវេទិកានេះ ដែលជាអ្នកបន្តវេន និងជាកោសិការបស់ប្រទេសជាតិ សូមចូលរួមលើកជាសំណួរ, សំណូមពរ និងបញ្ហាផ្សេងៗ ក្នុងស្មាតីភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់រវាង ថ្នាក់ដឹកនាំ និងថ្នាក់មូលដ្ឋាន ដែលជាមហាគ្រួសារដ៏រឹងមាំនៃជាតិខ្មែរជាធ្លុងមួយ។

 

អង្គពិធីនេះបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស, បញ្ហាព្រំដែនកម្ពុជា-ថៃ,​ ការឈ្លានពានរបស់យោធាថៃ,​ ការងារអត្តសញ្ញាណប័ណ្ណនិង អត្រានុកូលដ្ឋាន,​ កសិកម្ម,​ ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត, បញ្ហាគ្រឿងញៀន,​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាននៅក្នុងសហគមន៍ និងបញ្ហាសង្គមផ្សេងៗទៀត។

 

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។

 

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

 

១. យុវជនគណបក្សត្រូវបន្តពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងលើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានដោយខុសច្បាប់ពីសំណាក់យោធាថៃ និងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្រ្តរបស់សត្រូវ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

 

២. ត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងបូរណភាពទឹកដី ដោយបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខគណបក្សដ៏មុតមាំ ព្រមទាំងត្រូវបន្តគាំទ្រជឿជាក់លើរាជរដ្ឋាភិបាល ដែលមាន សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្ស ដែលសម្តេចថ្នាក់ដឹកនាំទាំងពីរ តែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញរបស់ប្រទេសយើង។

 

៣. យុវជនត្រូវបញ្ជ្រាបបន្តដល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អំពាវនាវឱ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ យល់យ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រួមមានតាមរយៈយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន។

 

៤. ក្តាប់ជាប់ឱ្យបានពីសារៈសំខាន់នៃកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីធានាឱ្យបក្សទទួលបានជោគជ័យ ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

 

៥. យុវជនគណបក្សនៅគ្រប់បណ្តាថ្នាក់ ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផ្សព្វផ្សាយ ក៏ដូចជាចូលរួមគាំទ្រលើ Page របស់សម្តេចទាំងពីរ និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត នៅលើរាល់សមិទ្ធិផលនានាដែលគណបក្សបានខិតខំសម្រេចបាន ឱ្យបានផុលផុសបន្ថែមទៀតដល់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នា ក្នុងនាមជាយុវជន ត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ក៏ដូចជាការរំលោភមកលើអធិបតេយ្យភាព ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់ត្រូវតែចង់ចាំពីការឈឺចាប់ ពីការធ្វើបាប និងការបំផ្លិចបំផ្លាញនូវអាយុប្រជាជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ មានជាទិ៍ ផ្ទះសម្បែងប្រជាជន ផ្លូវថ្នល់ វត្តអារាម មន្ទីពេទ្យ សាលារៀន ប្រាង្គប្រាសាទ និងមិនត្រូវភ្លេចខ្លួន ត្រូវតែធ្វើសកម្មភាពជាយុទ្ធសាស្ត្រការពារទឹកដីរបស់យើង។

 

៦. សូមយុវជនបន្តចូលរួមធ្វើការបកស្រាយ និងវាយបកនូវរាល់ព័ត៌មានមិនពិត ក្លែងក្លាយដែលអាចនាំឱ្យប្រទេសជាតិបែកបាក់សាមគ្កីផ្ទៃក្នុងនិងបាត់បង់ជំនឿទុកចិត្តចំពោះថ្នាក់ដឹកនាំ។

 

៧. ស្នើសុំគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យគ្រប់ថ្នាក់ទាំងអស់ ត្រូវបន្តរៀបចំវេទិកាជួបយុវជននៅក្រុង ស្រុក​ ឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយលើវិស័យការពារជាតិ ការទូត​ ក៏ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលជាសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការរក្សាបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់ជូនជនរួមជាតិ។

 

៨. លើកទឹកចិត្តដល់សមាជិក-សមាជិកាទាំងអស់បន្តការផ្ញើសំណួរ និងសំណូមពរបន្ថែម នាពេលក្រោយតាមរយៈក្រុមការងារ។