អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថិតនៅសាលាខេត្តកំពង់ចាម ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត​ វ៉ា​ សាវុធ​ ជាប្រធានមន្ទីរ​សុខាភិបាល​ ជំនួសលោកវេជ្ជបណ្ឌិត​ គឹមសួរ​ ភីរុណ​ ដែលបានចូលនិវត្តន៍។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បាន កំណត់ អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាព ទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រគឺ បន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើក កម្ពស់សុភាពបន្តពូជ មាតា ទារក និងកុមារ។
នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងថា ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តការងារឱ្យ បានល្អ ជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពរបស់ខ្លួន ត្រូវយកចិត្តទុកដាក់សហការ ចេះកៀរគរធនធាន ព្រមទាំង ចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានមានស្រាប់ រក្សាឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទប្រកបដោយ សេចក្តីគោរព ក្រមសីលធម៌វិជ្ជាជីវៈ លើការផ្តល់សេវាសុខាភិបាលឱ្យ កាន់តែមានគុណភាពប្រសើរឡើងស្របតាមគោលនយោបាយ សុខាភិបាលជាតិស្តីពីការប្រតិបត្តិគ្លីនិកពិធីសារ នៃការពិនិត្យព្យាបាល ស្តង់ដារគុណភាព ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក៍ក្នុង ការបម្រើប្រជាពលរដ្ឋ និងបទដ្ឋានបច្ចេកទេសនានា ជាពិសេស ស្របតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង៕