នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកព្រឹត្តិការណ៍ «សុខភាពតែមួយនៅកម្ពុជា» (One Health) នៅសណ្ឋាគារសូហ្វីតែល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងវិស័យកសិកម្ម វិធីសាស្រ្ត «សុខភាពតែមួយ» គឺមានសារៈសំខាន់បំផុតក្នុងការបង្ការជំងឺឆ្លងក្នុងផលិតកម្មសត្វ និងជលផល ជាពិសេសទប់ស្កាត់ការឆ្លងជំងឺពីសត្វមកមនុស្ស (Zoonotic Disease)។
ដើម្បីសម្រេចកិច្ចការនេះ ក្រសួងកសិកម្មបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ក្នុងការស៊ើបអង្កេត និងឆ្លើយតបឱ្យទាន់ពេលចំពោះការផ្ទុះជំងឺសត្វ និងសត្វព្រៃ។
ជាទីបញ្ចប់ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងកសិកម្ម ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យកម្ពុជាក្លាយជាប្រទេសបុរេសកម្មក្នុងការការពារសុខភាព និងសុវត្ថិភាពស្បៀងក្នុងតំបន់។



