អភិបាលខេត្តកណ្ដាល បន្ដណែនាំប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗ ពីសំណាក់ជនបរទេស


(កណ្ដាល) ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបន្ដណែនាំប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ។

ក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ សរុបចំនួន ៤៦៨២បណ្ណ នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយកបានកម្មសិទ្ធិដីធ្លី(ប្លង់រឹង)របស់បងប្អូន នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ការផ្ដល់បណ្ណកម្មសិទ្ធិនៅការិយាល័យច្រកចេញចូលតែមួយនេះ គឺប្រជាពលរដ្ឋមិនតម្រូវឱ្យកាន់ឯកសាររត់ការទៅកន្លែងណាផ្សេងឡើយ គឺមកទទួលនូវការិយាល័យច្រកចេញចូលតែមួយ ហើយរាល់ឯកសារទាំងអស់ គឺមន្ត្រីជាអ្នកសម្របសម្រួល ធ្វើជូនប្រជាពលរដ្ឋដោយមិនគិតលុយឡើយ តែប្រជាពលរដ្ឋនៅតែមានកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់រដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីសុរិយោដីទាំងអស់ ត្រូវធានាថារាល់បានកម្មសិទ្ធិទាំងអស់ ត្រូវបានផ្ដល់ជូនដល់ដៃម្ចាស់កម្មសិទ្ធិករបានគ្រប់ៗគ្នា ហើយមិនត្រូវរុញឯកសារឱ្យប្រជាពលរដ្ឋ ធ្វើការរត់ឯកសារដោយផ្ទាល់នោះទេ ហើយក្នុងករណីដែលមានមន្ត្រីឱ្យឯកសារទៅប្រជាពលរដ្ឋ ដើម្បីរត់ការ ឯកឧត្តម អភិបាលខេត្តកណ្ដាល សូមឱ្យប្រជាពលរដ្ឋរាយការណ៍ជូនលោកផ្ទាល់ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា៕