ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា ប្តេជ្ញាខិតខំកៀរករ​អ្នកវិនិយោគសិង្ហបុរី មកវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង ក្នុងការកៀរករ​អ្នកវិនិយោគ របស់សិង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត​។

ការប្តេជ្ញារបស់លោកទូត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ក្នុង​ព្រះ​បរមនាមព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ​ចំពោះលោក ផាង ឈីវី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅក​ម្ពុជា។

សម្តេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោក ផាង ឈីវី មកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃសិង្ហបុរី ចំពោះទំនាក់ទំនងជាមួយកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត ផាង ឈីវី បានសម្ដែងនូវការអរគុណ​ជា​អនេក ​ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកបានជួបជូនសារតាំងនៅ​ក្នុងឱកាសនេះ។

ឯកឧត្តមបានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា​ដែល​កាលពីឆ្នាំ២០២៥ កន្លងទៅប្រទេសទាំងពីរបានប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនងការទួតផ្លូវការជាមួយគ្នា ហើយដំណើរទស្សនកិច្ចនៃការផ្លាស់ប្ដូរដំណើរ​ទស្សនកិច្ចទៅវិញ ទៅមករវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពី​រ​ គឺបានបង្ហាញ​យ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី។

ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅក្នុងអាណត្តិការងារ​របស់លោក លោកនឹងខិតខំប្រឹងប្រែងក្នុងការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីក​ចម្រើនបន្ថែមទៀត។ ជាពិសេសការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពា​ណិជ្ជ​កម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ​សង្កត់ធ្ងន់ថា ក្នុងអាណត្តិ​របស់លោក លោកនឹងខិតខំប្រឹងប្រែង ក្នុងការកៀរករ​អ្នកវិនិយោគ របស់សិង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត​នៅ​ក្នុង​ផ្នែក​ទំនាក់​ទំនងប្រជាជន និងប្រជាជនក៏ដូចគ្នាដែរ។

ឯកឧត្តមនឹងខិតខំប្រឹងប្រែង និងពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាង​ប្រទេស​ទាំងពីរឱ្យកាន់តែមានភាពស្អិត​ល្មួត​តាមរយៈបង្កើត​នូវ​ផ្នែកទេសចរណ៍​ឱ្យ​ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរទស្សនាប្រទេស​ទាំង​ពីរឱ្យកាន់តែច្រើន​បន្ថែម​ទៀត។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានសម្ដែងការពេញចិត្តចំពោះការលើក​របស់​ឯកឧត្តមអគ្គ​រដ្ឋ​ទូតថ្មី ចំពោះការប្តេជ្ញាចិត្ត​របស់លោក ក្នុងការពង្រីកទំនាក់​ទំនង​រវាង​កម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ ឯកភាព និងការលើក​ឡើង​របស់ឯកឧត្តមទូត ចំពោះការផ្លាស់ប្ដូរនៃទស្សនកិច្ចជាញឹកញាប់​នៃថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីររវាងគ្នា គឺបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពី​រ។​

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្ត្រីរបស់កម្ពុជា​ បានទស្សនកិច្ច​នៅសិង្ហបុរីនៅឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីរបស់សិង្ហបុរី បានមក​ទស្សនកិច្ច​នៅ​កម្ពុជាឆ្នាំ២០២៥។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ គឺជានិមិត្តរូបមួយ​នៃទំនាក់​ទំនង​ដ៏ល្អប្រសើររវាងកម្ពុជា និងសិង្ហបុរី។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះ​សិង្ហបុរី ដែលបាន​ចូល​រួមចំណែកបណ្ដុះបណ្ដាលនូវធនធានមនុស្សក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតលើកឡើងអំពីបញ្ហាព្រំដែនរវាង​កម្ពុជា និងថៃ ហើយក៏អរគុណសិង្ហបុរី ដែលបានចូលរួមចំណែក ជាពិសេសការបញ្ជូន​អ្នក​សង្កេត​ការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃ។ សម្ដេចតេជោ ក៏បាន​បញ្ជាក់ទៅកាន់ឯករដ្ឋទូតសិង្ហបុរីថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព​រយៈពេល​យូរ​អង្វែង​ ហើយ​កម្ពុជា​​នៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី បំពេញបេសកកម្មនៅកម្ពុជាឱ្យទទួលបានជោគជ័យ​ ជាពិសេស គឺពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន៕