កម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ មុនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រី និងរដ្ឋមន្ដ្រីកីឡាអាស៊ាន


(ភ្នំពេញ)៖ កម្ពុជា ក្នុងនាមម្ចាស់ផ្ទះត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ នៅខេត្តសៀមរាប បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ពីលេខាធិការដ្ឋានអាស៊ាន ក៏ដូចជាប្រតិភូបណ្ដាប្រទេសសមាជិក ចំពោះការត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ព្រមទាំងគោលការណ៍សំខាន់ៗ ដែលនឹងដាក់ជាអាទិភាពក្នុងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យកីឡាអាស៊ាន ឆ្នាំ២០២៦-២០៣០។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» ដែលបានរៀបចំរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា សិក្ខាសាលានេះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីលេខាធិការដ្ឋានអាស៊ាន ដែលបានជួយសម្របសម្រួលរៀបចំ ជាមួយលទ្ធផលដែលអាចដាក់ជាអាទិភាពក្នុងការអនុវត្ត ទៅលើគោលការណ៍ទាំង ៧ចំណុចរបស់ផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យកីឡានៅអាស៊ាន និងឆ្លុះបញ្ចាំងពីការត្រៀមលក្ខណៈរួចរាល់សម្រាប់កម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រី និងថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាពេលខាងមុខ។

ជារួមសិក្ខាសាលារយៈពេល ២ថ្ងៃនេះ បានទទួលនូវធាតុចូលជាច្រើន និងមានការជំរុញពីអាស៊ាន ស្របតាមគោលបំណង និងការចង់បានរបស់កម្ពុជា នូវគោលការណ៍ ៣ចំណុចសំខាន់ៗ ទី១-ការជំរុញការអនុវត្តគោលការណ៍កីឡាដើម្បីការទូត កីឡាដើម្បីសន្ដិភាព និងកីឡាដើម្បីការអភិវឌ្ឍ ទី២-ជំរុញការជួយជ្រោមជ្រែងផ្នែកជំនាញវិជ្ជាជីវៈកីឡាកម្រិតខ្ពស់ និងការជំរុញការអនុវត្តនូវសកម្មភាពកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់បណ្ដាប្រទេសអាស៊ាន។

លើសពីនេះ កម្ពុជាក៏បានជំរុញឲ្យអាស៊ាន ពង្រីកដៃគូអភិវឌ្ឍកីឡាក្នុងតំបន់លើសពី២។ បច្ចុប្បន្នអាស៊ានមានដៃគូធំៗចំនួន២ គឺចិន និងជប៉ុន តែដោយមើលឃើញពីសក្ដានុពលរបស់សាធារណៈរដ្ឋកូរ៉េ ក្នុងវិស័យកីឡា ដែលកីឡាយុទ្ធគុនចម្រុះ និងការទូតកីឡា ឯកឧត្តមសង្ឃឹមថា អាស៊ាននឹងអាចឈានទៅចាប់ដៃគូជាមួយកូរ៉េបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់ឲ្យកាន់តែរីកចម្រើន ដ្បិតកន្លងមកកូរ៉េ ក៏ធ្លាប់ជួយដល់សកម្មភាពកីឡាផងដែរ។

គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាកីឡាកម្រិតតំបន់នេះឡើង ដើម្បីត្រៀមលក្ខណៈមុនធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រីកីឡាអាស៊ាន ដែលគ្រោងរៀបចំនាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកាលពីថ្មីៗ៕