(បារាំង)៖ កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបើកជាផ្លូវការ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ទទួលបានឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោកផងដែរ។
ជាកិច្ចចាប់ផ្តើមនៃសុន្ទរកថា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវកិត្តិយសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយឆ្នាំ២០២៦ នៅទិវាសុខភាពពិភពលោក។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើររដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នៅពេលវេលាដ៏សំខាន់មួយសម្រាប់មនុស្សជាតិ និងភពផែនដី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីបញ្ហាជំងឺកូវីដ១៩ ដែលបានចូលអង្រួនសុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេចពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតជាសកលមួយនេះ។ សម្តេចមហាបវរធិបតី បានលើកឡើងថា ទោះបីជាប្រទេសមានធនធានតិចតួចក៏ដោយ ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាជោគជ័យគួរឱ្យកត់សម្គាល់ ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ដំណាក់កាលស្តារឡើងវិញនៃការចាក់វ៉ាក់សាំងខ្ពស់។
សម្តេចមហាបវរធិបតី ក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។ ប្រទេសកម្ពុជា បានដោះស្រាយហានិភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់សហគមន៍នៅទូទាំងពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះសុខភាពសត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ។
នៅលើឆាកអន្តរជាតិវិញ កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក និងប្រព័ន្ធឃ្លាំមើល AMR របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមបរិស្ថាន រួមមានភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតក្រោមក្របខ័ណ្ឌអាស៊ាន។
ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវទស្សនទានចំនួន៥ ចូលរួមដោះស្រាយបញ្ហាសុខភាពជាសកល។ ទស្សនទានទាំង៥នោះរួមមាន៖
១៖ ភាពជាដៃគូ និងសាមគ្គីភាព៖ សម្តេចមហាបវរធិបតី បានស្នើឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហការក្នុងតំបន់ និងសកល ចែករំលែកចំណេះដឹង ធនធាន និងបច្ចេកវិទ្យារវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ សង្គមស៊ីវិល និងសហគមន៍។
២៖ ការឃ្លាំមើលរួមបញ្ចូលគ្នា និងប្រព័ន្ធព្រមានដំបូង៖ សម្តេចមហាបវរធិបតី ស្នើឱ្យបន្តសម្របសម្រួលស្តង់ដារ ពង្រីកលំដាប់ហ្សែន និងធានាការឆ្លើយតបយ៉ាងឆាប់រហ័ស។
៣៖ ការផ្តល់ហិរញ្ញប្បទាន និងនវានុវត្តន៍ប្រកបដោយចីរភាព៖ សម្តេចមហាបវរធិបតី ស្នើឱ្យជំរុញយន្តការអន្តរជាតិរយៈពេលវែងបន្ថែមទៀត បង្កើនការវិនិយោគក្នុងស្រុក និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤៖ ការប្រយុទ្ធប្រឆាំងនឹងភាពធន់នឹងភ្នាក់ងារប្រឆាំងមេរោគ (Antimicrobial Resistance -AMR) និងសម្ពាធអាកាសធាតុ៖ សម្តេចប្រមុខរាជរដ្ឋាភិបាលស្នើ លើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមានទំនួលខុសត្រូវ បង្កើនការត្រួតពិនិត្យកំណែទម្រង់បទប្បញ្ញត្តិ និងការរួមបញ្ចូលការការពារអាកាសធាតុទៅក្នុងគោលនយោបាយសុខភាព និងកសិកម្ម។
៥៖ ការលើកកម្ពស់ចំណេះដឹង សមធម៌ និងការត្រៀមខ្លួន៖ សម្តេចមហាបវរធិបតី បានថ្លែងកាន់វេទិកានៃកិច្ចប្រជុំនោះថា គួរតែធានាគោលនយោបាយផ្អែកលើភស្តុតាង វិនិយោគលើមន្ទីរពិសោធន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ធានាការទទួលបានឧបករណ៍សង្គ្រោះជីវិតដោយសមធម៌ និងលើកតម្កើងសហគមន៍តាមរយៈការយល់ដឹង៕






