(រាជធានីភ្នំពេញ) នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះបឋមសិលា កសាងកុដិ “មហាសុវណ្ណសុគន្ធកុដិ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន” ប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីនេះមានការយាងជាព្រះរាជាធិបតីពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងយាង និមន្តចូលរួមរបស់ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។
ការកសាងសង់សំណង់ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនាត្រូវបានរៀបចំតាមក្បួនខ្នាត និងរចនាបទខ្មែរត្រឹមត្រូវ។ ដោយឡែកសំណង់វត្តអារាមនានាទូទាំងប្រទេស ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជា និងសម្តេចធិបតី តែងយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណសង្ឃនាយក ក្នុងការពិនិត្យយ៉ាងលំអិតអំពីរចនាបថ ជាពិសេសអភិរក្ស និងកសាងសំណង់វត្តអារាម។
ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមជម្រាបជូនថា “មហាសុវណ្ណសុគន្ធកុដិ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន” ដែលគម្រោងនិងសាងសងនាឱកាសនេះ មានបណ្តោយប្រវែង ៣៣ម៉ែត្រ ទទឹង២១ម៉ែត្រ និងមានកំពស់៤៥ ម៉ែត្រ ដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីទំនៀមទម្លាប់ខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំសាកល២០២៦ សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវធីតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះ នាម រាក្យសាទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សេរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងកូនចៅ ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។


