កិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៦នេះ ត្រូវបានសម្របសម្រួលនិងរៀបចំឡើងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទាំង៣ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញខេត្តគោលដៅ និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។ គោលបំណងចម្បងចំនួន ២ ត្រូវបានកំណត់ក្នុងកិច្ចប្រជុំនេះ រួមមាន៖ ទី១. ការពិនិត្យលើវឌ្ឍនភាព និងសមិទ្ធផលការងារត្រី-វិស័យ ដែលសម្រេចបាននៅតាមបណ្តាសហគមន៍គោលដៅទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥ និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២. ពិនិត្យលើវឌ្ឍនភាព និងលក្ខខណ្ឌការងារយោងនៃការរៀបចំ “យុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យ” សម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទនៅកម្ពុជា (ឆ្នាំ២០២៧-២០៣១)។

គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ក្រុមការងារត្រី-វិស័យនេះ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ ក្នុងការលើកកម្ពស់និងកែលម្អជីវភាពរស់នៅ និងបង្កើតភាពធន់របស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕