ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈ ការបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Grenoble Aples ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរការសិក្សា និងការផ្លាស់ប្តូរសាស្រ្តាចារ្យ លើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មី រួមមាន វិទ្យាសាស្រ្តលម្ហអាកាស (Space Science) សន្តិសុខសាយប័រ (Cybersecurity) និង បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជាដើម។
ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជាផងដែរ៕







