(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចេញចេញសេចក្តីថ្លែងការណ៍ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រ ត្រួតគ្នានៅក្នុងឈូងសមុទ្រកម្ពុជា-ថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មានទទួលបាន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២ បានកំណត់យ៉ាងច្បាស់ថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ដូចនេះ ការប្រកាន់យកយន្តការច្បាប់អន្តរជាតិ ក្នុងដំណោះស្រាយព្រំដែន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និង ការដោះស្រាយវិវាទដោយសន្តិវិធីក្រោមច្បាប់និងវិធានអន្តរជាតិ ដែលសហគមន៍អន្តរជាតិតែងប្រាថ្នាចង់បាន។
ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងជឿជាក់យ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តការពាររដ្ឋធម្មនុញ្ញ និងឈានទៅសម្រេចបាននូវដំណោះស្រាយព្រំដែន ការពារបូរណភាពទឹកដី ការពារជាតិ មាតុភូមិ ឈរលើគោលការណ៍សន្តិភាពនិយម និងសន្តិវិធីក្រោម យន្តការច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន។
យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) គឺជាមធ្យោបាយដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលមានភាគីទី៣ ចូលរួមស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌។ កម្ពុជាបានផ្តួចផ្តើមយន្តការនេះ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃ បន្ទាប់ពីភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001)។ រដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយចាត់ទុកវាជាយុទ្ធសាស្ត្របម្លែងជម្លោះពីការប្រកួតកម្លាំងទៅជាការប្រកួតច្បាប់។ យន្តការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនីតិរដ្ឋ ហើយអាចបន្តដំណើរការបានទោះបីភាគីម្ខាងមិនសហការក៏ដោយ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ៕

