ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូនឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត និងប្រតិភូ អំពីការកសាង និងអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងសាធារណរដ្ឋសិង្ហបុរី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមអាហារូបករណ៍របស់សាធារណរដ្ឋសិង្ហបុរីជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តម Steven Pang Chee Wee បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ឯកឧត្តម និងសហការី យ៉ាងកក់ក្តៅ និង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការគាំទ្រចំពោះបេសកកម្មរបស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជួយឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍកាន់តែឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។ ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសិង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ហើយឯកឧត្តមក៏បានបង្ហាញពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តម និងសហការីក្នុងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ទៅជាសង្គមជនបទប្រកបដោយភាពស៊ីវីល័យ៕