(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនផងដែរ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ ទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» នោះ សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តីសុខយើងទាំងអស់។ ដូច្នេះគ្រាន់តែយើងអើតមើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូលរួមក្នុងកិច្ចការពារជាតិទៅហើយ។ គាត់ពលីជីវិតទៅហើយ យើងត្រូវមើលគ្រួសារគាត់ ជួយកូនចៅគាត់ឱ្យបានសិក្សារៀនសូត្រ»។
សម្តេចតេជោ បានបន្ថែមថា «យើងត្រូវបន្តចំពោះកិច្ចការទាក់ទងខឿនការពារជាតិរបស់ប្រជាជន។ អ្នកទៅមុខគេការពារទឹកដី យើងនៅក្រោយ ត្រូវធ្វើការជួយដល់គ្រួសារកងទ័ព យុទ្ធជនពិការ និងពលី ដើម្បីកាត់បន្ថយកង្វល់របស់អ្នកនៅខាងមុខ»។
ក្រៅពីមានប្រសាសន៍ណែនាំយកចិត្តទុកដាក់លើក្រុមគ្រួសារយុទ្ធជនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏រំលឹករឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងខេត្តតាកែវ នៅពេលសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តដែលសម្តេចបានដកពិសោធន៍នូវរឿងរ៉ាវចំនួនពីរ ទី១) ការបែងចែកធ្លីជូនប្រជាពលរដ្ឋ និងទី២ គឺការដាក់ចេញកិច្ចអន្តរាគមន៍ធ្វើប្រឡាយ និងការកែលំអពូជស្រូវ រហូតសម្តេចមានទ្រឹស្តីថា «ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត»។
ក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានលើកពីបញ្ហាពាក់ព័ន្ធសភាពការណ៍របស់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដូចទៅនឹងខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺដែរ។
នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យចិត្តទុកដាក់លើបញ្ហាមួយចំនួនទៀត។ បញ្ហាដែលសម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឱ្យយកចិត្តទុកដាក់នោះ មានដូចជាការយកចិត្តទុកដាក់អនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព, យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ, ចូលរួមគាំទ្រការកៀរគរពន្ធដារ និងពន្ធគយ, យកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, យកចិត្តទុកដាក់ដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ និងការវាស់វែងចេញបណ្ណកម្មសិទ្ធដីធ្លី និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
ពាក់ព័ន្ធកិច្ចការពារធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបំផុសចលនាក្នុងការដាំកូនឈើ ដើម្បីក្លាយជាដំណាំឧស្សាហកម្ម និងគម្របព្រៃឈើទ្រទ្រង់ដល់បរិស្ថាន។
ពាក់ព័ន្ធបញ្ហាដីធ្លី សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយដោយជ្រើសយកយន្តការក្រៅប្រព័ន្ធតុលាការ ក៏ដូចជាពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពួកគាត់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយកចិត្តទុកដាក់លើការគ្រប់គ្រងកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស និងអ្នកធ្វើការក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានណែនាំដល់អាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងលុបបំបាត់ការបង្កភាពថ្នាំងថ្នាក់ផ្សេងៗ។
ដោយសារខេត្តតាកែវ មានព្រំដែនជាប់ជាមួយប្រទេសវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរខេត្តតាកែវ ឱ្យយកចិត្តទុកដាក់ពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសវៀតណាម។ សម្តេចតេជោ ក៏បានឆ្លៀតរំលឹកនូវកិច្ចសហប្រតិបត្តិការល្អៗដែលកម្ពុជា និងវៀតណាមធ្លាប់បានធ្វើជាមួយគ្នាផងដែរ៕







































