អភិបាលខេត្តបន្ទាយមានជ័យ នាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៩គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ


(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ, ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើរ ដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាដូចជា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៩គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

នេះជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាកបាទក្រហមកម្ពុជា តែងតែមានមុខក្នុងការជួយដោះស្រាយនឹងនៅក្បែរប្រជាពលរដ្ឋជានិច្ច ក្នុងការជួយដោះស្រាយទុក្ខលំបាក ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡេីយ។

ជាក់ស្តែងក្រោយពេលដែលប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ សាខាកាកបាទក្រហមក៏បានរៀបចំជាអំណោយសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បានដោះស្រាយមួយគ្រារ។ ក្នុងនោះអាជ្ញាធរក៏បានចុះដល់មូលដ្ឋានភ្លាម ជួយរុះរេីរ រៀបចំផ្ទះជូនប្រជាពលរដ្ឋរងគ្រោះភ្លាមៗ ព្រមទាំងបានផ្តល់ស័ង្កសីផងដែរ។

សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះទាំង៥៩គ្រួសារ (ស្មេីនឹង៥៩ខ្នងផ្ទះ) ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី២៥កញ្ចប់, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកត្រី០១យួរ រួមនឹងថវិកាមួយចំនួន។ ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានផ្តល់សង្ក័សីជាង ៩០០សន្លឹក សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋផងដែរ៕