(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងបញ្ជាក់ថា សន្ទុះវិជ្ជមាននៃវិនិយោគិនមកវិនិយោគនៅកម្ពុជានៅតែបន្តកើនឡើង ជាក់ស្តែងសម្រាប់ ៤ខែដំបូង ក្នុងឆ្នាំ២០២៦ CDC បានអនុម័តគម្រោងមានចំនួនសរុប ១៨៤គម្រោង ជាមួយទំហំ វិនិយោគជាងប្រមាណ ២.៦ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់ តាមរយៈការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ទន្ទឹមនឹងភាពធន់នៃសេដ្ឋកិច្ច ការវិនិយោគក៏មានសន្ទុះខ្លាំងក្លាស្របគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រថែមមួយទៀត ដោយបានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤០% ធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ខណៈរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ភាគច្រើនប្រមូលផ្តុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម គ្រឿងតែងលម្អរនានាជាដើម ដែល គិតមកទល់បច្ចុប្បន្នតំបន់សេដ្ឋកិច្ច ពិសេសដែលកំពុងដំណើរការមានចំនួន ៣៥តំបន់៕





















