(រតនគិរី)៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តរតនគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តរតនគិរី (អ.ន.ក.ខេត្ត) ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនយ៉ាងច្រើនកុះករ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត បានឲ្យដឹងថា អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តរតនគិរី ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្នត្រូវបានសាងសង់ រួចជាស្ថាពរ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សាងសង់ តាមរចនាបទខ្មែរ អំពីបេតុងអាម៉េ មានជាន់ផ្ទាល់ដី ប្រក់ក្បឿង ដែលមានទំហំអគារ ១១ម៉ែត្រ គុណនឹង ២១ម៉ែត្រ មានក្រឡាផ្ទៃសរុប ២៣១ម៉ែត្រការ៉េ មាន ៤បន្ទប់ សាងសង់លើផ្ទៃដីទំហំទទឹង ៥០.៧៥ម៉ែត្រ និងបណ្តោយ ៨៨.៦៩ម៉ែត្រ រួមមាន៖ បន្ទប់ប្រជុំចំនួន១, បន្ទប់ប្រធានចំនួន១បន្ទប់, បន្ទប់លេខាធិការដ្ឋាន ចំនួន១បន្ទប់ និងបន្ទប់ពិធីការចំនួន១បន្ទប់។ អគារចំណាយទឹកប្រាក់សរុបទាំងអស់ ៦០,០០០ដុល្លារ។
ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុ និងនិវត្តជន ដែលបានផ្តល់អាគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តរតនគិរី តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី។ ក្នុងនាមប្រធាន អ.ន.ក.ខេត្ត នឹងរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើសេវាលើតម្រូវការជូនសមាជិកទាំងអស់ជាអតីតយុទ្ធជន និងនិវត្តជន។
ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈម ទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែណែនាំដល់ថ្នាក់ដឹកនាំ សមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានឧបត្ថម្ភដល់អតីតយុទ្ធជន និងនិវត្តន៍ជនដែលបានចូលរួមចំនួន២០០នាក់ ក្នុង១នាក់ទទួលបាន មី១កេស និងថវិកា៥ម៉ឺនផងដែរ៕


























