នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សឃុំ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សឃុំ និងផ្សព្វផ្សាយពីចលនាប្រកួតប្រជែង «លំនៅឋានស្អាត» ក្នុងឃុំកំពង់ចិនជើង។
នាឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះមូលដ្ឋានភូមិទាំង ៦ នៃឃុំកំពង់ចិនជើង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីអនុវត្តតួនាទី និងភារកិច្ចនៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។ បន្ថែមលើនេះ ឯកឧត្ដមប្រធាន ក៏បានជំរុញឱ្យក្រុមការងារបន្តសហការជិតស្និទ្ធជាមួយគណបក្សឃុំ និងគណៈកម្មាធិការសាខាបក្សភូមិ ដើម្បីចុះផ្ទៀងផ្ទាត់បច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សដល់លំនៅឋានឱ្យបានច្បាស់លាស់។
ក្នុងអង្គប្រជុំនោះ ឯកឧត្ដមប្រធានក្រុមការងារ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការចុះសួរសុខទុក្ខ និងការជួយសង្គ្រោះក្នុងគ្រាមានគ្រោះធម្មជាតិជាដើម។ ជាមួយគ្នានោះ ក្រុមការងារក៏បានសម្រេចសមិទ្ធផលជាច្រើនដូចជា ដំឡើងអំពូលសូឡា ស្ថាបនាផ្លូវ និងស្តារប្រឡាយ ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ។ នាឱកាសនោះ ឯកឧត្ដមប្រធានក៏បាននាំយកអំណោយរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី រួមមាន៖ អំពូលសូឡា ១០គ្រឿង, ក្រម៉ា ៥០ និងថវិកាមួយចំនួន ឧបត្ថម្ភជូនសមាជិកបក្សឃុំផងដែរ។
ទន្ទឹមនឹងនោះដែរ ឯកឧត្ដមប្រធានក្រុមការងារ ក៏បានជំរុញឱ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងភូមិ-ឃុំ តាមរយៈការដាក់ចេញនូវចលនាប្រកួតប្រជែង «លំនៅឋានស្អាត»។ កិច្ចខិតខំប្រឹងប្រែងនេះ គឺក្នុងគោលបំណងប្រែក្លាយឃុំកំពង់ចិនជើង ឱ្យទៅជាឃុំដែលមានបរិស្ថានបៃតង ស្អាត និងមានផាសុកភាពសម្រាប់ការរស់នៅ របស់បងប្អូនប្រជាពលក្នុងឃុំកំពង់ចិនជើង។


