ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពី ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមមឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងកម្ពុជា និងសិង្ហបុរី ហើយបាននិងកំពុងបន្តរីកចម្រើនយ៉ាងស៊ីជម្រៅលើវិស័យជាច្រើនបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវបំណងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។









