អភិបាលខេត្តកណ្ដាល ណែនាំឱ្យបន្តផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ពលរដ្ឋ ទុកដាក់សំរាមបានត្រឹមត្រូវ


(កណ្ដាល) ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់យល់ដឹងក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាល។ ការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នាឱកាសអញ្ជើញជាអធិបតិរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានកោតសរសើរដល់គណៈអភិបាលខេត្ត បានបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ឱ្យបានជ្រួតជ្រាបនូវសភាពការណ៍ថ្មីៗ និងគោលការណ៍ គោលនយោបាយថ្មីៗដែលថ្នាក់លើបានដាក់ចេញ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថានខេត្ត ត្រូវបន្តការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់យល់ដឹងក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន គ្មានអនាម័យ គ្មានសោភ័ណភាព។ ចំពោះសិស្សានុសិស្ស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ត្រូវតែបន្តខិតខំផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សទាំងអស់ ឱ្យបានយល់ដឹងអំពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវទៅតាមប្រភេទផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ ផ្លាកយីហោ ឬសំយាបដែលប៉ះពាល់ដល់ផ្លូវសាធារណៈ ដែលអាចបង្កជាការកកស្ទះ គ្មានសោភ័ណ្ឌភាព និងគ្មានសណ្ដាប់ធ្នាប់ ឬអាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ការអនុវត្តអាជ្ញាធរត្រូវធ្វើឡើងក្នុងស្មារតី ទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អប្រសើរ៕