ក្នុងចំណោមកិច្ចការជាច្រើន ក្រោមវិធានការគន្លឹះទី១ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលកំពុងដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ គឺជាការអនុវត្តជាក់ស្តែងតាមចក្ខុវិស័យដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ស្របតាមអភិក្រម «ចេះគឺជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។
ឆ្ពោះទៅមុខ ក្រសួងមុខងារសាធារណៈ ដោយសហការជាមួយក្រសួង-ស្ថាប័នសាមី នឹងរៀបចំការប្រឡងជ្រើសរើសសម្រាប់ក្រសួងយុត្តិធម៌, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ ដើម្បីពិគ្រោះយោបល់ និងរៀបចំឱ្យបានហ្មត់ចត់ ដើម្បីដំណើរការប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពបំផុត។
តាម ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចងា រាល់កិច្ចខិតខំប្រឹងប្រែងកន្លងមក គឺដើម្បីធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការ និង ឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍគន្លងអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន ព្រមទាំងរួមចំណែកដល់ការប្រើប្រាស់ថវិកាជាតិដោយប្រសិទ្ធភាព តាមរយៈមូលដ្ឋានជ្រើសរើសកាន់តែច្បាស់លាស់ និងផ្អែកលើតម្រូវការចាំបាច់ជាក់ស្តែង។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព ដើម្បីផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនទាំងអស់។ សូមប្អូនៗយុវជនមានទំនុកចិត្តលើថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡង ព្រមទាំងជឿជាក់លើសមត្ថភាពរៀងៗខ្លួន ដោយមិនចាំបាច់មានអន្តរាគមន៍ ឬចំណាយថវិកាលើសពី ២ម៉ឺនរៀលឡើយ៕





