គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅគណៈកម្មការទទួលបន្ទុកនៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា


នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ រួមមាន៖​

១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។​

២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

​៣-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។​៤-ផ្សេងៗ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈរួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណី ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា៕