ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសង្គ្រោះបឋម» ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសង្គ្រោះបឋម» នៅទីតាំងអនុវិទ្យាល័យល្វាលើ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី វេទិកាសន្តិភាពកម្ពុជា និងអង្គការចែករំលែកបទពិសោធន៍ដើម្បីសុខភាពនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជូនដល់សហគមន៍ ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាបណ្តោះអាសន្ន មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

នៅក្នុងវគ្គបណ្តុះបណ្តាលនោះ ក្រុមគ្រូឧទ្ទេសនាមជំនាញបានធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់លើជំនាញសង្គ្រោះបឋមសំខាន់ៗចំនួន ៤ ករណី រួមមាន៖
១. របៀបឃាត់ឈាម៖ វិធីសាស្ត្រត្រឹមត្រូវក្នុងការឃាត់ឈាមហូរ ដើម្បីការពារកុំឱ្យអ្នករងគ្រោះបាត់បង់ឈាមខ្លាំង។
២. របៀបជួយមនុស្សពេលបាក់ឆ្អឹង៖ របៀបអប និងរុំរបួសដើម្បីកាត់បន្ថយការឈឺចាប់ និងការពារកុំឱ្យប៉ះពាល់ដល់សរសៃឈាម ឬសរសៃវិញ្ញាណ។
៣. ការជួយសង្គ្រោះពេលស្លាក់វត្ថុក្នុងបំពង់ក៖ វិធីសាស្ត្រជួយរុញវត្ថុស្ទះចេញពីផ្លូវដង្ហើមភ្លាមៗ។
៤. ការជួយសង្គ្រោះពេលមនុស្សអត់ដកដង្ហើម៖ វិធីសាស្ត្រធ្វើចលនាបេះដូង និងដកដង្ហើមជំនួយ (CPR)។

ក្រៅពីជំនាញគោលទាំង ៤ ខាងលើ ក្រុមការងារក៏បានបន្ថែមនូវការណែនាំពិសេសអំពី «របៀបជួយសង្គ្រោះមនុស្សពេលលង់ទឹក» ផងដែរ ដែលនេះជាចំណេះដឹងដ៏ចាំបាច់មួយក្នុងការបង្ការ និងសង្គ្រោះគ្រោះថ្នាក់ជាយថាហេតុនៅក្នុងមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុក ផេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ វេទិកាសន្តិភាពកម្ពុជា និងអង្គការដៃគូ ដែលបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ចំណេះដឹងផ្នែកសង្គ្រោះបឋមនេះ មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាជាកត្តាកំណត់រវាង «ជីវិត និងសេចក្តីស្លាប់» របស់អ្នករងគ្រោះក្នុងស្ថានភាពអាសន្ន។ ឯកឧត្តមបានដាស់តឿនឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងទាំងនេះ ដើម្បីយកទៅប្រើប្រាស់ជួយគ្រួសារ និងសហគមន៍ទាំងមូល។ បន្ទាប់បញ្ចប់កម្មវិធី នេះ ឯកឧត្តមនិងក្រុមការងារ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនិងចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភាផងដែរ៕