ក្រុមហាជ្ជីផ្លូវការកម្ពុជាចំនួន១០នាក់ ដែលទទួលបានព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានចេញដំណើរហើយ


(នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ) នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជូនដំណើរក្រុមហាជ្ជីផ្លវការកម្ពុជាចំនួន១០នាក់ ក្នុងចំណោម១២១០នាក់ ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាជើងចុងក្រោយ ក្រោមព្រះរាជឧបត្ថម្ភ របស់ព្រះចៅ សាល់ ម៉ានពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលជាភ្ញៀវរបស់ព្រះអង្គ។

ថ្លែងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន រួមជាមួយនិងព្រះរាជទាយាទ មហាម៉ាត់ ប៊ីន សាល់ម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ព្រះអង្គតែងតែផ្ដល់ជូន សហគមន៍ឥស្លាម ជាច្រើនពាន់នាក់នៅទូទាំងពិភពលោកទៅធ្វើបុណ្យហាជ្ជ ដោយតាមបណ្ដាប្រទេសផ្សេងៗ ទទួលបានទៅតាមចំនួនដែលត្រូវបានបែងចែក ដូចជានៅកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅ ទទួលបាន១៧នាក់ ក៏ប៉ុន្តែមានការខកខានម្នាក់ ដោយឡែកនៅឆ្នាំនេះ កម្ពុជាទទួលបានតែ១០នាក់ទេ ព្រោះអារ៉ាប៊ីសាអូឌីត ត្រូវបែងចែកទៅឲ្យ នៅតាមបណ្តាប្រទេសជាច្រើន ដែលមានតម្រូវការខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ការផ្តល់ជូនដល់សហគមន៍ឥស្លាមកម្ពុជាទៅធ្វើបុណ្យហាជ្ជនេះ មិនមែនទើបតែចាប់ផ្តើមនៅសម័យ ព្រះចៅ សាល់ម៉ាន ទេគឺ រាប់សិបឆ្នាំមកហើយ ពោលគឺចាប់ពីសម័យកាលព្រះចៅ Fahd bin Abulaziz រហូតមកដល់ព្រះចៅ អាប់ឌុលឡោះ ហើយបន្ទាប់ពីព្រះចៅ អាប់ឌុលឡោះមកគឺ ព្រះចៅ សាល់ម៉ាន នាពេលបច្ចុប្បន្ន។

ឯកឧត្តមបន្ថែមថា ការផ្តល់ជូននេះ បានបង្ហាញពីការផ្សាភ្ជាប់រវាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីទំនាក់ទំនង ភាពជាអ្នកកាន់សាសនា ដូចគ្នាដែលយើងមានជាតិសាសន៍ផ្សេងៗពីគ្នា ក៏ប៉ុន្តែយើងគោរពប្រតិបត្តិសាសនាឥស្លាមតែមួយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍ឥស្លាម ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ និងកិច្ចការផ្សេងៗទៀត ហើយក៏បានអរគុណដល់ ព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្រះរាជទានការទៅធ្វើបុណ្យហាជ្ជនាពេលនេះ ដល់សាសនិកឥស្លាមកម្ពុជា ជារៀងរាល់ឆ្នាំ ក៏ដូចជាផ្តល់ជំនួយផ្សេងៗជាច្រើនទៀតនាពេលកន្លងមក និងសូមទូអា(បួងសួង)ទៅចំពោះអល់ឡោះ ឱ្យព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ជានិរន្តរ៍។ ជាចុងក្រោយ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម៕