(ភ្នំពេញ)៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។
ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការសាងសង់ អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានភាពល្អស្អាត ទំនើប និងប្រណីត។ ជាពិសេសសាងសង់ដោយខ្មែរស្ទើរទាំងស្រុង។
* ឆ្លៀតឱកាសនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបូជាអស់ទាំង កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីដឹកនាំការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយ ភាពធន់ និង បរិយាប័ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ ឱ្យមានការរីកចម្រើនជាលំដាប់, ឆ្លុះបញ្ចាំងតាមរយៈការកទម្រង់ប្រព័ន្ធពន្ធដារ, ការកែលម្អអភិបាលកិច្ចស្ថាប័នពន្ធដារ, ការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ និងចុងក្រោយការកសាងនូវ «អគារទីស្នាក់ការកណ្ដាល» ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យស្លោកសម្តេចតេជោ «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ពាក្យនេះ មានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍កំណែទម្រង់ មិនមែនជារឿងថ្មី ហើយមិនមែនទើបចាប់ផ្តើមក្រោយពេលមានសង្គ្រាមនោះទេ។ ក្រសួងស្ថាប័នរដ្ឋ បានធ្វើតាំងពីដើមអាណត្តិ។ ទូទាំងរាជរដ្ឋាភិបាល បានកែទម្រង់ ១៦ក្រសួង ស្ថាប័ន ហើយ បច្ចុប្បន្នកាត់ ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានបដិសេធចំពោះការសុំដេញថ្លៃវិនិយោគសេវារថយន្តក្រុងសាធារណៈ ដែលការដេញថ្លៃនេះ នឹងតម្លៃថ្លៃបន្ថែមទៀត ដូច្នេះរដ្ឋត្រូវបន្តគ្រប់គ្រងដែលថ្លៃរ៉ាប់រងទាំងនេះ បានមកពីការចូលរួមពីអ្នកបង់ពន្ធ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បង់ពន្ធ គឺជាការផ្ទេរនៃធនធានពីអ្នកមានលទ្ធភាព ដើម្បីជួយដល់អ្នកគ្មានលទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានពន្ធដារនៅប្រទេសណា ដែលមានការយោគយល់ និងសម្របសម្រួលជាងនៅប្រទេសកម្ពុជានោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានលើការងារបង់ពន្ធ គឺការយោគយល់គ្នា ជាជាងការយល់ថា ជាអ្នកមានកំហុស និងអ្នកចាប់កំហុស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង់ពន្ធមិនមែនជាការលាងបាបទេ តែជាការបំពេញកាតព្វកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហការគ្នារវាងពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួល ឈរលើក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ជាធាតុធ្វើឱ្យការងារប្រមូលពន្ធដារកាន់តែល្អប្រសើរ។




































































