សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់»


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ជាពាក្យមានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលគ្រប់ក្រសួង-ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ក៏រម្លឹកពីប្រសាសន៍ដែលធ្លាប់លើកឡើងលើការកែទម្រង់ និងទំនើបកម្មកងទ័ព ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន ដោយកែសម្រួលរចនាសម្ព័ន្ធយោធា បិទការផ្ទេរមិនចាំបាច់ និងផ្តោតលើសមត្ថភាពជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ធ្លាប់បានដាក់ចេញនូវពាក្យស្លោក បើកែទម្រង់រស់ មិនកែទម្រង់ស្លាប់។ ពាក្យនេះ មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ គ្រប់ស្ថាប័ន មិនថារដ្ឋ ឬឯកជន ត្រូវធ្វើកំណែទម្រង់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «កំណែទម្រង់នេះ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនទើបតែធ្វើឡើងក្រោយពីមានសង្គ្រាមនោះទេ។ គ្រប់ស្ថាប័នរដ្ឋ ក៏ចាប់ផ្តើមពីដើមអាណត្តិផងដែរ។ មកដល់ពេលនេះ គណៈកម្មការកំណែទម្រង់សាធារណៈ បានធ្វើការកែសម្រួល ១៦ក្រសួង-ស្ថាប័នហើយ»

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើកំណែទម្រង់សាធារណៈនេះ បានកាត់បន្ថយ ចំនួន ៣អគ្គនាយកដ្ឋាន និង ៣៣នាយកដ្ឋាន នៅតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ៕