សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសំណង់អគារទីស្នាក់ការកណ្តាលថ្មីពន្ធដារ នូវភាពល្អស្អាត ទំនើប និងប្រណីត ដែលសាងសង់ដោយខ្មែរស្ទើរទាំងស្រុង


(ភ្នំពេញ)៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះការសាងសង់អគារទីស្នាក់ការកណ្តាលថ្មី របស់​អគ្គនាយកដ្ឋានពន្ធដារ ដែលមានភាពល្អស្អាត ទំនើប និងប្រណីត ជាពិសេសសាងសង់ដោយខ្មែរស្ទើរទាំងស្រុង រួមទាំងផលិតផលប្រើប្រាស់ សុទ្ធតែនៅក្នុងស្រុក។

ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់ សម្រាប់ជាតិ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការកោតសរសើរ ចំពោះសមទ្ធិផលដ៏ធំធេងនេះ ដែលកើតឡើងពីការខិតខំប្រឹងប្រែង ដោយយកចិត្ដទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញ ជាពិសេសអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារផ្ទាល់តែម្ដង»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការកោតសរសើរ ចំពោះក្រុមហ៊ុនសំណង់ ដែលសឹងតែ១០០ភាគរយ នៃអ្នកសាងសង់សុទ្ធសឹងតែជាកូនខ្មែរ ដែលជាធនធានក្នុងស្រុក ហើយផលិតផលដែលប្រើប្រាស់ នៅក្នុងអគារទីស្នាក់ការកណ្តាលថ្មី របស់ពន្ធដារនេះ សុទ្ធតែផលិតផលក្នុងស្រុកទៀតផង។

សូមជម្រាបថា អគារថ្មី ទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរ​បាន​យ៉ាង​ល្អិតល្អន់ ដោយមានបំពាក់នូវ​ឧបក​រណ៍​​បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការ​គ្រប់​គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា​សន្តិ​​សុខ ​និងសុវត្ថិភាពរបស់អគារ គួបផ្សំ​ជា​មួយ​រចនាបថ និងស្នាដៃវប្បធម៌ខ្មែរ​យ៉ាង​ប្រណីត។

អគារនេះ មានការិយាល័យសម្រាប់ជួលចំនួន៥ជាន់ ចាប់ពីជាន់ទី១០ ​ដល់ជាន់ទី១៤ មាន​ទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ​ ឬរចនាការិយាល័យ ស្របទៅនឹង​តម្រូវការ​អាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។

អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀប​ចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារ​ការិយា​ល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងារ ជាមួយអង្គភាពផ្សេងៗ ក្នុងអគ្គនាយកដ្ឋានពន្ធដារ។

អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។ អគារទាប ត្រូវបានរៀបចំជា «មជ្ឈមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារ សេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។

អគារនេះ ត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។

១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតា​មរាល់​ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈ​ទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈ​ខ្មែរ​មួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕