(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលផ្នែកពន្ធដារ ដែលឈរលើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព និងការទទួលខុសត្រូវច្បាស់លាស់ គឺជាកត្តាសំខាន់ធ្វើឲ្យការងារប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជឿថាមិនមែនតែក្រុមហ៊ុន១-២អន្តរជាតិដែលខ្ញុំដឹងទេ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏ត្រូវប្រើមន្ត្រីសេវាពន្ធដារ ចឹងគឺការពង្រឹង និងការគ្រប់គ្រងបន្ថែម ដែលជាកត្តាធ្វើយ៉ាងណាឲ្យមុំចង្ក្រានទាំង៣ ពន្ធដារ សហគ្រាស និងអ្នកដែលសម្របសម្រួល យល់គ្នា ប្រសិទ្ធិភាពទាំងអស់គ្នា មានសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវច្បាស់លាស់»។
ក្នុងន័យនេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា តួអង្គសំខាន់ៗទាំង៣ រួមមាន៖ ពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលពន្ធដារ ត្រូវធ្វើការយ៉ាងស៊ីសង្វាក់គ្នា ដើម្បីធានាឱ្យប្រព័ន្ធពន្ធដារកម្ពុជា កាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្ត។
សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើទោះបីជាប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល មានការរីកចម្រើនយ៉ាងណាក៏ដោយ កត្តាមនុស្សនៅតែជាចំណុចស្នូល ដូច្នេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ គឺជារឿងចាំបាច់។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ ជាពិសេសលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំជំរុញកំណែទម្រង់ពន្ធដារជាច្រើន ធ្វើឲ្យប្រព័ន្ធពន្ធដារកាន់តែមានភាពច្បាស់លាស់ យុត្តិធម៌ និងស្មើភាព ដែលអាចឲ្យសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជនទទួលយកបាន។
បន្ថែមពីនេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕


































































