កិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងបន្ថែមនូវកិច្ចសហការ លើវិស័យ បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សន្តិសុខស្បៀង និងថាមពល


នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣២ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំបានស្វាគមន៍ខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន (PoA) ឆ្នាំ២០២៦-២០៣០។

កិច្ចប្រជុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហការ ជាពិសេសក្នុងវិស័យដែលកំពុងលេចធ្លោសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសន្តិសុខស្បៀង និងថាមពល និងបានពិភាក្សាអំពីឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។