ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូនបណ្តាររដ្ឋមន្ត្រីការបរទេស ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនីមួយៗ


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបពិភាក្សាខ្លី និងផ្លាស់ប្តូរការសួរសុខទុក្ខជាមួយ ឯកឧត្តម Petr Macinka ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក, ឯកឧត្តម Mohammad Ishaq Dar ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន, ឯកឧត្តម Jeyhun Bayramov រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងឯកឧត្តម Abdullatif bin Rashid Al-Zayani រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនីមួយៗ ព្រមទាំងបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសទាំងអស់ អំពីបច្ចុប្បន្នភាពចុងក្រោយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា–ថៃ។