(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើន រួមជាមួយការលើកទឹកចិត្តជាច្រើន។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំក្រសួងមានសមត្ថកិច្ច ពិនិត្យលទ្ធផលលើមុខទំនិញណាខ្លះ ដែលអាចជំរុញឱ្យមានការផលិតនិងកែច្នៃនៅក្នុងស្រុកបាន ដែលជាឱកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋគាំទ្រនូវផលិតផលក្នុងស្រុកបានផងដែរ។
សម្ដេចបវរធិបតី បានថ្លែងបន្តថា ទន្ទឹមនឹងការជំរុញសកម្មភាពកែច្នៃផលិតផល អ្នកផលិតទាំងអស់ត្រូវពង្រឹងលើគុណភាពផលិតផលរបស់ខ្លួន សំដៅដល់ការអនុវត្តតាមស្ដង់ដារបច្ចេកទេស និងស្ដង់ដារសុវត្ថិភាពម្ហូបអាហារ។
សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសនូវមុខទំនិញមួយចំនួន ដែលនឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង។ សម្ដេច បានថ្លែងដូច្នេះថា៖ «ទឹកដោះគោ មី ស្ករស… ដែលរដ្ឋដាក់គោលដៅនៅក្នុងការកាត់បន្ថយការនាំចូល ឈានទៅដល់ការកាត់ជាអតិបរមា»។
ដើម្បីគាំទ្រការផលិតនៅក្នុងស្រុក, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋបានរៀបចំយន្តការនានា ក្នុងការលើកទឹកចិត្តដល់វិនិយោគិន សហគ្រាស ពង្រីកការផលិតនិងកែច្នៃផលិតផលរបស់ខ្លួន សំដៅធានានូវការផ្គត់ផ្គង់បានគ្រប់គ្រាន់នៅក្នុងប្រទេស៕
























