កម្ពុជា-ព័រទុយហ្គាល់ ប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ


(សហរដ្ឋអាមេរិក)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់។

ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ជំនួបនេះក៏បានបញ្ចប់ដោយការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងព័រទុយហ្គាល់ ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក ដែលជាកង្វល់រួម៕