សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ


(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដត្បូងឃ្មុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២៦នេះ បានលើកឡើងថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងបន្ដជួយ ជាពិសេសក្នុងវិស័យកសិកម្ម ការមិនយកពន្ធទៅលើដីកសិកម្ម  ដរាបណាគណបក្សប្រជាជន នៅតែមានគាំទ្ររបស់ប្រជាជន ឲ្យដឹកនាំប្រទេស យើងនៅតែមិនពន្ធដីកសិកម្ម»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការមិនពន្ធដីកសិកម្មនេះ គឺជាគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងជាគោលនយោបាយច្បាស់លាស់ របស់គណបក្សប្រជាជនកម្ពុជា ហើយនេះគឺជាការជួយសម្រួលទៅដល់កសិករ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពិនិត្យមើលផលិតផលណា ដែលត្រូវការវត្ថុធាតុដើមក្នុងស្រុក និងលើកទឹកចិត្តផ្ដល់ការអនុគ្រោះផងដែរ។ សម្ដេចបវរធិបតី បានថ្លែងថា ការនាំចេញកង់ឡានផលិតក្នុងស្រុក ទៅក្រៅប្រទេស គឺរដ្ឋមិនយកពន្ធនោះទេ៕