ប្រមុខការទូតកម្ពុជា-ថៃ ជជែកគ្នាដោយបើកចំហពីបញ្ហាព្រំដែន និងត្រៀមខ្លួនជាស្រេចអនុវត្តតាមយន្តការដែលបានព្រមព្រៀងគ្នានៅលើកោះសេប៊ូ


(សហរដ្ឋអាមេរិក)៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ប្រមុខការទូតកម្ពុជា-ថៃ បានជជែកគ្នាដោយបើកចំហពីបញ្ហាព្រំដែន និងត្រៀមខ្លួនជាស្រេចអនុវត្តតាមយន្តការដែលបានព្រមព្រៀងគ្នានៅលើកោះសេប៊ូ។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រភពដដែល បានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុង ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ដែលក្នុងនោះប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពី វិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ និងបើក ចំហ អំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនសមភាគីថៃផងដែរថា កម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ រក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់៕