ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ភាពជាដៃគូនៅតែជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយភាពរីកចម្រើននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់បានឡើយពីតួនាទី កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសចិន នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើឡើងក្នុងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ដំណាក់កាលថ្មីនៃភាពជាដៃគូកម្ពុជា-ចិន ក្រោមក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នឹងកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ដោយនាំមកនូវលទ្ធផលផ្លែផ្កា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។



