លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនមែនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប។ ថវិកាត្រឹមតែ១ម៉ឺនរៀល (ដែលស្មើនឹងតម្លៃកាហ្វេមួយកែវ) ប្រសិនបើយើងម្នាក់ៗលះបង់បន្តិចម្នាក់ នោះវានឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ និងបន្តវប្បធម៌នៃការជួយគ្នាក្នុងសង្គមខ្មែរឱ្យកាន់តែរីកដុះដាល។

លោកជំទាវបណ្ឌិតបន្តថា​ «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់នេះ គឺមិនមែនជាការដាក់កម្រិតថវិកាអីនោះទេ យើងឲ្យគាត់ចូលរួមឲ្យបានទាំងអស់គ្នា បង្កើនចលនា បង្កើនកម្លាំង ដើម្បីឱ្យយើងហៅថាស្មារតីខ្មែរគឺជួយខ្មែរ។ ពីព្រោះនេះជាអ្វីដែលយើងចង់ឱ្យដូចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកបាននិយាយថា នៅពេលដែលលំបាក គឺគ្មានអ្នកណាជួយយើងទេ គឺមានតែខ្មែរយើងជួយខ្មែរយើង នេះគឺជានយោបាយមួយ ហើយការចូលរួមនេះទោះតិចក្ដី ឬមួយក៏ច្រើនក្ដី គឺជានិមិត្តរូប ជាទឹកចិត្ត និងសម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជារបស់យើង»

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថាពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជំងឺដែលជាទារក និងកុមារ មានការកើនឡើងជាលំដាប់។ ជាពិសេសក្នុងរដូវកាលដែលមានជំងឺឆ្លង មន្ទីរពេទ្យគន្ធបុប្ផាត្រូវរ៉ាប់រងការចំណាយខ្ពស់មែនទែន ដោយក្នុងមួយឆ្នាំៗត្រូវចំណាយថវិកាជាង ៤០លានដុល្លារ (ឬប្រហែលជាង ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ) ដើម្បីព្យាបាលកុមារពី ១០០០ ដល់ ៣០០០នាក់ ដោយឥតគិតថ្លៃ។ លើសពីនេះមន្ទីរពេទ្យក៏បានបង្កើតអគារព្យាបាលជំងឺមហារីកកុមារ ដែលទាមទារការចំណាយខ្ពស់ទាំងលើផ្នែកឱសថ និងឧបករណ៍បច្ចេកទេស។

ដូច្នេះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំឡើងជាប្រចាំរាល់ឆ្នាំ គឺធ្វើឡើងដើម្បីប្រមូលថវិកា និងដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍ និងការលះបង់របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។ មួយវិញទៀតការចូលរួមជួយសង្គ្រោះជីវិតកុមារនៅថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីក្លាយជាសសរទ្រូង និងជាកម្លាំងចលករដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់បន្ថែម។

ទន្ទឹមនេះលោកជំទាវបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្រដល់បេសកកម្មដ៏បរិសុទ្ធនេះ ពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន, ក្រុមហ៊ុនឯកជន និងជាពិសេសស្ថាប័នធនាគារនានា បានសហការគ្នាយ៉ាងសស្រាក់សស្រាំ តាមរយៈការបង្កើតមុខងារបរិច្ចាគនៅលើ App ធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការចូលរួមចំណែក។

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា បើទោះបីជាចំនួនអ្នកចូលរួមមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (ឆ្នាំមុនមានប្រមាណ ៣០ម៉ឺននាក់) ក៏ដោយ ក៏សន្ទុះនៃការផ្សព្វផ្សាយនឹងនៅតែបន្តកាន់តែទូលំទូលាយដល់សាធារណជន និងវិស័យឯកជន ដើម្បីបង្កើតជាចលនារួមគ្នាមួយយ៉ាងសកម្ម មិនត្រឹមតែនៅក្នុងខែមិថុនានោះទេ គឺដើម្បីគាំទ្រដល់មន្ទីរពេទ្យពេញមួយឆ្នាំតែម្តង៕