ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្រ្តីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការីមន្រ្តីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលកំពុងមានវត្តមានផ្ទាល់ក្នុងអង្គកម្មវិធី និងតាមប្រព័ន្ធអនឡាញ សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។

ជាកិច្ចចាប់ផ្តេីមនាឱកាសនោះឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងនាមគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែងចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សការីមន្ត្រីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាលនាពេលនេះ។

ឯកឧត្តម យក់ ប៊ុនណា បានបន្ថែមថា តាមរយៈវេទិកាបាឋកថានេះ គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី ទាំងអស់នឹងទទួលបាននូវការចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទានឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់ឧត្តមភាពមន្ត្រី គុណធម៌ ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារ កែទម្រង់និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន។

ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សា ការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែកចំណេះដឹងនិងបទពិសោធរបស់លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគតផងដែរ៕