ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ បានគូសរំលេចថា «ប្រាកដណាស់ ប្រជាពលរដ្ឋខ្មែរ គឺជាទូតសុច្ឆន្ទៈ និងជាតំណាងអត្តសញ្ញាណជាតិលើឆាកអន្តរជាតិ»។
នៅក្នុងឱកាសចូលរួមអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃសមាគមទេសចរណ៍កម្ពុជា (CATA) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា ក្នុងការពង្រីកអំណាចទន់ផ្នែកទេសចរណ៍ តាមរយៈការផ្សព្វផ្សាយវិសាលភាពនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនភាពទាក់ទាញការវិនិយោគផ្នែកទេសចរណ៍សម្រាប់កម្ពុជា។
ជាមួយគ្នានេះ ត្រូវបន្តជំរុញការប្រើប្រាស់ឱ្យបានពេញលេញនូវសក្តានុពលទេសចរណ៍ និងជាពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់បដិសណ្ឋារកិច្ចល្អ ស្វាគមន៍គណៈប្រតិភូមកពីជាង ៩០ ប្រទេស ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០” នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់ សមាគមទេសចរណ៍កម្ពុជា (CATA) ដែលបានប្រឹងប្រែង និងការលះបង់ ក្នុងការកសាងសមាគមឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ (PPPP) ដែលជាកត្តាគន្លឹះក្នុងការជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិរយៈពេលវែង។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករសំខាន់សម្រាប់ការរីកចម្រើននៃវិស័យ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ដែលរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” និងជាការនាំចេញនៅនឹងកន្លែង រួមចំណែកបង្កើតការងារ បង្កើនចំណូល លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន៕







