សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសរុ​ប ១ ០៣៥នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៦រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ និងឧត្តរមានជ័យ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា មានព្រំដែនជាប់ប្រទេសថៃ។ ខេត្តបន្ទាយមានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨ ៧៨៥គ្រួសារ ស្មើនឹងមនុស្ស ៨៧៩ ៥៨៥នាក់។

ខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹង​ខេត្ត​សៀមរាប ខាងត្បូងទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប ១៥៣​គីឡូ​ម៉ែត្រ។ រដ្ឋបាលដែនដីដែលជាប់ព្រំដែនថៃ មានក្រុង ស្រុកចំនួន៥រួមមាន៖ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។

ខេត្តបន្ទាយមានជ័យ មានច្រកទ្វារព្រំដែនចំនួន៤រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍​ជាតិ-អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែន​តំបន់​ចំនួន២ គឺ ច្រកទ្វារ​ព្រំ​ដែន​តំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក ជា​ច្រក​ដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។

នៅឆ្នាំ២០២៥ ខេត្តមានទំហំសេដ្ឋកិច្ច ១ ៩១១លានដុល្លា រីឯចំណូលជាមធ្យមសម្រាប់​មនុស្ស​ម្នាក់ៗបានកើនដល់ ២ ១៥២ដុល្លារអាមេរិក៕