សម្តេចភក្តី​ សាយ ឈុំ ចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងប្រធានក្រុមបក្សនៃគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ


នារសៀលថ្ងៃព្រហស្បត៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងប្រធានក្រុមបក្សនៃសង្កាត់ដង្កោ ចំនួន១២៥នាក់ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
ចាប់ផ្តើមដោយការសាកសួរសុខទុក្ខ និងថ្លែងសរសើរចំពោះការអភិវឌ្ឍន៍រីកចំរើន និងភាពសុខដុមរម្យនារបស់ប្រជាពលរដ្ន នៅក្នុងមូលដ្ឋានសង្កាត់ដង្កោ សម្តេចភក្តី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋ ជូនចំពោះសមាជិក សមាជិកានៃអង្គពិធី និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅឯមូលដ្ឋានផងដែរ។
សម្តេច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានជួបជាមួយមន្ត្រីគណបក្សដែលកំពុងធ្វើការងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សម្តេច បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងភូមិសាស្ត្រ នៃសង្កាត់ដង្កោ ព្រមទាំងសម្តែងការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់មន្ត្រី កងកម្លាំង រួមជាមួយប្រជាជន មហាជននៅមូលដ្ឋាន ដែលក្នុងនោះមានសមាជិក សមាជិកាគណបក្សជាកម្លាំងចលករ និងជាស្នូលដឹកនាំកិច្ចរក្សាការពារសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមបានល្អ ការងារបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ឆាប់រហ័ស និងជឿទុកចិត្ត ។
សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអង្គពិធីផងដែរ អំពីសភាពការណ៍អន្តរជាតិសំខាន់ៗដែលជះឥទ្ធិពលមកដល់កម្ពុជា និងពីសភាពការណ៍ទូទៅនៅក្នុងប្រទេស ជាពិសេសអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយបន្តអនុវត្តយុទ្ធសាស្ត្រ«ស្ងាត់តែមិនស្ងៀម» និងជ្រើសរើស «មធ្យោបាយអត់ធ្មត់ជំនួសការផ្ទុះសង្គ្រាម» ដោយប្រើយន្តការការទូត ច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ។
ចំពោះទិសដៅការងារបន្តរ របស់គណបក្សសង្កាត់ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរ និងឯកភាព ព្រមទាំងផ្តល់អនុសាសន៍បន្ថែម ដោយណែនាំឱ្យផ្តោតជាសំខាន់ និងយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត និងគ្រប់ជ្រុងជ្រោយ នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ស្តីពី«ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ដែលគណៈអចិន្ត្រៃយ៍ នែគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទើបបានដាក់ចេញកន្លងមកថ្មីៗនេះ ដើម្បីធានាអនុវត្តដោយជោគជ័យនូវទិសស្លោករបស់គណបក្ស«រក្សាប្រៀបខ្លាំង និងបង្កើនប្រៀបឈ្នះ» ក្នុងរាល់ការបោះឆ្នោត នាពេលខាងមុខ ៕